រថយន្តធុនធំ យីឌុប ដឹកឥវ៉ាន់រត់ពន្ឋវ៉ាជែងគ្នាជាមួយ តាកស៊ីក្រឡាប់ចាក់ឥវ៉ាន់ចោល ពាសពេញថ្នល់ជាតិលេខ ០៤ ត្រង់ចំណុចភូមិជើងគោ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ផ្អើលមនុស្សម្នានៅតំបន់នោះ ចោមរោមមើលកាលពីវេលាម៉ោងប្រមាណ ៧យប់ ថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០១៥ ម្សិលមិញនេះ ។
ប្រភពពីប្រជាពលរដ្ឋ ដែលរស់នៅក្បែរកន្លែងកើតហេតុ ខាងលើបានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តធុនធំ ខាងលើ ដឹកឥវ៉ាន់ពេញហៀរ កំពស់ ពីបាតរថយន្តប្រមាណជាង ៤ម៉ែត្របើកទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅភ្នំពេញ បានវ៉ាគ្នាប្រទះជាមួយរថយន្តហ៊ីយ៉ុនដាយ១គ្រឿងទៀតដែលបើកបញ្ច្រាសទិសគ្នា ធ្វើអោយរថយន្តដឹកឥវ៉ាន់ខាងលើ ជ្រុលចង្កូត ចូលខាងឆ្វេងបុកប៉ះជាមួយរថយន្តខាងលើហើយរថយន្តដឹកឥវ៉ាន់នោះ ជ្រុលធ្លាក់ក្បាលចូលចំណីផ្លូវ ក្រឡាប់ចាក់ឥវ៉ាន់ ពេញថ្នល់ជាតិលេខ ០៤ តែម្តង ។ នៅកន្លែងកើតហេតុខាងលើ គេសង្កេតឃើញថា មានមន្ត្រីនគរបាលម្នាក់ នៅទីនោះកាន់កូនសៀវភៅមួយក្បាល និង ប៊ិចមួយដើម អង្គុយត្រម៉ង់ត្រមោច ដូចមនុស្សអស់សង្ឃឹម។ ប៉ុន្តែគេកត់សម្គាល់ឃើញថា នៅកន្លែងកើតហេតុនោះ មានរថយន្តទំនើបៗចំនួន ០៣គ្រឿង ដែល០២គ្រឿងម៉ាកវីហ្គោ ពណ៌ ស ពាក់ស្លាកលេខ ខេមរៈភូមិន្ទ ០២ – ២ – ៣៤៤៣ និង ០១គ្រឿងទៀត ស្លាកលេខ ខេមរៈភូមិន្ទ ០២ – ២ – ០២៧៥ និងមានទាហ៊ាន២ទៅ៣នាក់ ពាក់ឈុតប៉ារ៉ា មកការពារបញ្ជាអោយកម្មករ លើកឥវ៉ាន់សាងដាក់រថយន្តផ្សេងទៀត ដើម្បីដឹកចេញទៅភ្នំពេញបន្ត ។
ពាក់ព័ន្ឋជុំវិញបញ្ហាខាងលើនេះ មតិរិះគន់ មួយចំនួនបានលើកឡើងថា កងទ័ពគួរតែនៅក្នុងបន្ទាយ រឺ នៅតាមគោលដៅ រង់ចាំបទបញ្ជាពីមេបញ្ជាការ ។
ប៉ុន្តែកងទ័ពដែលស្លៀកឈុតប៉ារ៉ាខាងលើបែរជាបំពេញបេសកកម្មការពារ ទំនិញទៅវិញ ពុំដឹងថា មេបញ្ជាការលោករូបណានោះទេ ហើយលោកក៏មិនបង្ហាញអត្តសញ្ញាណ និង អង្គភាពរបស់លោកផងដែរ ។ ពេលដែលក្រុមអ្នកសារព័ត៌មានចុះថតផ្តិតយករូបភាព នៅកន្លែងកើតហេតុខាងលើ ស្រាប់តែលេចមុខបុរសម្នាក់ មុខស្រដៀងចិន ពាក់អាវការ៉ូ វ័យប្រហែលជាង ៤០ឆ្នាំ ជិះរថយន្តវីហ្គោ ស្លាកលេខ ខេមរៈភូមិន្ទ ០២ – ២ – ៣៤៤៣ អះអាងថា ជាទំនិញរបស់លោក ក្រោយមកក្រុមអ្នកសារព័ត៌មានបាន សាកសួរនាំទៅលើបញ្ហារថយន្តក្រឡាប់ និង ឥវ៉ាន់ទាំងនោះ ដឹកចេញពីប្រភពណានោះ ស្រាប់តែបុរសពុំស្គាល់អត្តសញ្ញាណខាងលើ ដែលអះអាងថាជាឥវ៉ាន់របស់ខ្លួន បែរជាបង្វែរទិសដៅថា ឥវ៉ាន់ទាំងនោះជារបស់មេលោក គ្រានោះ ក្រុមអ្នកសារព័ត៌មានបានជជីកសួរ រកមេរបស់លោក បុរសខាងលើ បានបដិសេធមិនបង្ហាញពីអត្តសញ្ញាណរបស់មេលោកឡើយ ដោយលោកសំអាងថា ពុំមានបទបញ្ជា ។
ប្រជាពលរដ្ឋម្នាក់សុំមិនបញ្ចេញឈ្មោះ បានខ្សឹបប្រាប់អ្នកសារព័ត៌មានថា រូបគាត់ធ្លាប់បានរត់ការឥវ៉ាន់គេចពន្ឋផងដែរដែលគាត់បានអះអាងថា ឥវ៉ាន់ដែលក្រឡាប់ពាសវាលកាលខាងលើនេះ សុទ្ឋសឹងជាឥវ៉ាន់នាំចូលពីប្រទេសថៃ ហើយនាំចូលមកតាមច្រករបៀង កំពង់ផែសាធារណៈការទំនប់រលក ស្ថិតក្នុងសង្កាត់ ០១ហើយឥវ៉ាន់ទាំងនោះមានគ្រប់ប្រភេទ សុទ្ឋសឹងតែឥវ៉ាន់គេចពន្ឋផងដែរ តួយ៉ាងដូចជាឥវ៉ាន់ ដែលក្រឡាប់ចាក់ចោលពេញថ្នល់ជាតិខាងលើនេះ អញ្ចឹង ។ លោកបានបន្តទៀតថា នៅលើកេសគេពុំឃើញមានបិទតែមគយនោះទេ មានន័យថា ឥវ៉ាន់ទាំងនោះសុទ្ឋសឹងតែជាឥវ៉ាន់គេចពន្ឋ គេនាំចូលតាមច្រកកំពង់ផែនេះ ដឹកចេញម៉ាស្រឡាញ់ ដោយមានការឃុបឃិតគ្នា ម៉ាសេរ៉ី មានដូចជាគយប្រចាំតំបន់នោះ នគរបាលសេដ្ឋកិច្ច និង កាំកុងត្រូលផងដែរ ។
ទាក់ទិននឹងបញ្ហាខាងលើនេះ លោកមេគយ ឡឹង សុភាព ពុំអាចរកការបំភ្លឺបានទេ ចំណែកសមត្ថកិច្ចពាក់ព័ន្ឋ ក៏ពុំអាចរកការបំភ្លឺបានដែរ ។
គួរបញ្ជាក់ផងដែរថា កន្លងទៅ ម៉ូតូតួស្រីម៉ាក ស្កូបពីឡើងម្តងៗរាប់រយគ្រឿង ត្រូវគេនាំមកបង់ពន្ឋនៅសាលាគយទំនប់រលក តែមួយចំនួននោះទេ មួយចំនួនទៀត គេឃុបឃិតគ្នា ប្រព្រឹត្តិអំពើពុករលួយ ធ្វើអោយបាត់បង់នូវថវិការជាតិ យ៉ាងធ្ងន់ធ្ងរ ក្នុងមួយឆ្នាំៗ រាប់លានដុល្លារ ក្នុងមួយច្រកនេះ ។ ដូច្នេះអង្គភាពប្រឆាំងអំពើពុករលួយ ឯកឧត្តម អោម យឹមទៀន ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គម្បីចាត់មន្ត្រីរបស់ឯកឧត្តម ចុះមកពិនិត្យស្នាក់ការគយទំនប់រលក ដែលមានលោក ឡឹង សុភាព ជាមេគយជើងចាស់ដុះស្នឹម ប្រចាំតំបន់នេះ គ្មាននរណាដោះដូរបាន តាំងពីសម័យឯកឧត្តម បណ្ឌិត ប៉ែន ស៊ីម៉ន មកដល់អាណត្តិអគ្គនាយកថ្មី ឃើញថាលោក ឡឹង សុភាព នៅដដែលគ្រហើរៗ ។
លោកវរៈសេនីយ៏ត្រី សេង ចំរើន អធិការរងស្រុកព្រៃនប់ ទទួលបន្ទុកសណ្តាប់ធ្នាប់បានអោយដឹងថា រថយន្តហ៊ីយ៉ុនដាយ បើកទិសដៅពីភ្នំពេញ មក ព្រះសីហនុ ពាក់ស្លាកលេខ ២A – 1556 បើកបរដោយ អ៊ឹម វណ្ណះ ភេទ ប្រុស រងរបួសជាទម្ងន់ និង ម្នាក់ទៀតរួមដំណើរ រងរបួសស្រាល ។ ចំណែករថយន្តធុនធំ មានម៉ាក ហ៊ីណូ ពណ៌ លឿង គ្មានស្លាកលេខ ក្រោយកើតហេតុអ្នកបើកបរបានរត់គេចខ្លួនបាត់ ចំណែករថយន្តទាំងពីរគ្រឿងត្រូវបានគេយកទៅរក្សាទុក នៅការិយាល័យចរាចរណ៏ជើងគោកស្រុកព្រៃនប់ រង់ចាំការដោះស្រាយ ឯជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះ ៕