ខេត្តព្រះសីហនុ ៖ ទីតាំងសំណង់មានច្បាប់ ដែលគ្រោងតម្លើងផ្ទាំងប៉ាណូចាក់ផ្សាយពាណិជ្ជកម្មមួយកន្លែង ត្រូវបានអាជ្ញាធរដែនដីថ្នាក់ក្រុង និងថ្នាក់ខេត្តចុះឃាត់បញ្ឈប់សកម្មភាពកាលពីល្ងាច ថ្ងៃទី២៣ខែធ្នូឆ្នាំ២០១៤ ខណះពេលម្ចាស់ទីតាំងដែលជាជនជាតិរ៉ុស្ស៊ីអះអាងថាមានច្បាប់ត្រឹមត្រូវដែលអនុញ្ញាត្តិដោយលោករាជសុវណ្ណ អភិបាលរងក្រុងព្រះសីហនុ។
លោក លី វណ្ណដា អភិបាលរងក្រុងព្រះសីហនុ បានបញ្ជាក់អះអាងថា ទីតាំងដែលជនបរទេសកំពុងបុកសសៃដែកចូលបេតុងធ្វើគ្រឹះផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្មនេះ គឺមិនអាចតម្លើងបាននោះទេ បើទោះបីជាមានច្បាប់អនុញ្ញាត្តិយ៉ាងណាក៏ដោយ ព្រោះនេះជាផ្លូវសាធារណៈ ជាតំបន់ទេសចរណ៏សំខាន់ ជាតំបន់ហាមឃាត់សាងសង់សំណង់ផ្សេងៗដែលធ្វើអោយប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ ។
លោក លី វណ្ណដា ក៏បានបញ្ជាក់ផងដែរថាចំពោះច្បាប់ដែលការិយាល័យច្រកចេញចូលអនុញ្ញាត្តិអោយដាក់ផ្ទាំងប៉ាណូផ្សាពាណិជ្ជកម្មនោះ មិនមែនអនុញ្ញាត្តិអោយមកដាក់តាំងនៅកណ្តាលផ្លូវនោះទេ ហើយក៏ពុំបានបញ្ជាក់ពីទីតាំងនោះដែរ។
ដោយឡែក យោងតាមប្រភពពីម្ចាស់អាជីវកម្មឈ្មោះហ្វីឡាតូ ហូវីឆាលី ភេទ ប្រុស អាយុ២៤ ជនជាតិរ៉ុស្ស៊ីក៏បានអះអាងដែរថា មូលហេតុដែលខ្លួនហ៊ានមកដាក់ទីតាំងប៉ាណូផ្សាយពាណិជ្ជកម្មនេះ ព្រោះខ្លួនមានច្បាប់អនុញ្ញាត្តិត្រឹមត្រូវ ។
ជុំវិញបញ្ហានេះផងដែរ លោក រាជ សុវណ្ណអភិបាលរងក្រុងព្រះសីហនុ ដែលជាអ្នក អនុញ្ញាត្តិច្បាប់ បានអោយដឹងថា ច្បាប់នេះគឺពិតលោកជាអនុញ្ញាត្តិមែនប៉ុន្តែមិនមែនអោយទៅដាក់កណ្តាលផ្លូវនោះទេ គឺដាក់តែសំរាប់មុខហាងតែប៉ុណ្ណោះ ឯការដែលយកទៅដាក់កណ្តាលផ្លូវនោះវាពិតជាមិនត្រឹមត្រូវឡើយ។
ប៉ុន្តែបើទោះបីជាយ៉ាងណាក៏ដោយ ក្រុមប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ បានមានប្រតិកម្មយ៉ាងខ្លាំងៗទៅនឹងអាជ្ញាធរក្រុង ដែលបានចេញអនុញ្ញាត្តិអោយម្ចាស់អាជីវកម្មដាក់តាំងផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្ម ដោយពុំបានកំណត់ទីតាំងអោយបានជាក់លាក់ ថាទីតាំងណា ចំនុចណាដែលគួរអនុញ្ញត្តិ មិនមែនចេះតែអនុញ្ញាត្តិអោយតែរួចពីដៃនោះទេ ៕