កោះកុង ៖ កាលពី នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៤ មានប្រជាពលរដ្ឋ ចំនួន១៦២នាក់ បានធ្វើការ ដង្ហែក្បួនទៅ មុខសាលា ខេត្តកោះកុង ដើម្បីឱ្យអាជ្ញារខេត្ដ ជួយអន្ដរាគមន៍និង ដោះលែង សកម្មជនដែលត្រូវ តុលាការឃុំខ្លួនកាលពីថ្ងៃ២៨ ខែកញ្ញា ឆ្នាំ២០១៤ ដោយចោទ ប្រកាន់ពីបទ លួចសម្ភារៈ របស់ក្រុមហ៊ុន SEZ ជាក្រុមហ៊ុន របស់លោកឧកញ៉ា លី យ៉ុងផាត់ ធ្វើការវិនិយោគ នៅក្នុងតំបន់ ឃុំព្រែកខ្សាច់ ស្រុកគីរីសាគរ ខេត្ដកោះកុង ។ សកម្មជនរូបនេះ ត្រូវបានតុលាការ កោះហៅមកធ្វើការសាសួរ ពេលនោះតុលាការ ចោទប្រកាន់មូលហេតុលួចសម្ភារៈ ក្រុមហ៊ុនក៏សម្រេចឃុំខ្លួន ដាក់ពន្ធនាគារតែម្តង ។ ធ្វើឱ្យសកម្មជន ដែលរួមដំណើរ ជាមួយឈ្មោះ ផន ណុល មានការប្រតិកម្មយ៉ាងខ្លាំង ដោយពួកគាត់ ចោទតុលាការថា ឃុំខ្លួនមនុស្ស ដោយអយុត្ដិធម៌ ។
សកម្មជនប្រមាណជិត២០០នាក់ បានបន្ដដំណើរ ទៅបិទស្ពានកោះកុង មិនឱ្យរថយន្ដ ធ្វើចរាចរណ៍ឡើយ ត្រូវបានកម្លាំងសមត្ថកិច្ច របស់ប៉េអឹមខេត្ត និងប៉ូលិសរបស់ ស្នងការដ្ធាននគបាល ខេត្តកោះកុង ជាច្រើននាក់ ធ្វើការរាំង ឃាត់មិនឱ្យសកម្មជនទាំងនោះធ្វើការបិទស្ពានឡើយ ។ ការហាមឃាត់មិនឱ្យសកម្មជន ទាំងបិទស្ពាននេះ មិនបណា្ដលឱ្យមានការកើត អំពើហិង្សានោះទេ គ្រាន់តែឱ្យពួកគាត់នៅត្រឹមរង្វង់មូលម្ខាងតែប៉ុណ្ណោះ ហើយនៅពេលនោះ សកម្មជនទាំងអស់ គ្រោងដង្ហែទៅ លំនៅដ្ឋាន របស់លោកអភិបាលខេត្ដ ដើម្បីឱ្យលោកអភិបាលខេត្ដ ជួយអន្ដរាគមន៍ ដោះលែងសកម្មជន របស់ខ្លួនមកវិញ ។ សកម្មជនទាំងនោះបាននិយាយថា ពួកគាត់និងដាក់ជំរក នៅតាំងពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៤មកម្ល៉េះ ហើយក៏មានកិច្ចសន្យា របស់លោកអភិបាលខេត្ដថា នឹង ដោះស្រាយ ជួនពួកគាត់ ។ តែរហូតពេលនេះ មិនឃើញសកម្មជន បានរួចខ្លួន ទើបគាត់បន្ដ ធ្វើការបិទផ្លូវទៀត ។
នៅក្នុងការធ្វើកូដកម្ម នៅម៉ោងជាង១០ ថ្ងៃទី៣ ខែវិច្ឆិកា នេះគេឃើញ លោក ដាត់គយណូ ស្នងការរងខេត្តកោះកុង បានមកធ្វើការ បកស្រាយជូនសកម្មជនថា សូមឱ្យបងប្អូនសម្រួល ឥរិយាបទឱ្យបានល្អ ព្រោះលោកអភិបាលខេត្ដ បានអញ្ជើញទៅភ្នំពេញ ហើយគាត់នឹងវិលត្រឡប់ មកវិញ នៅថ្ងៃនេះ គាត់នឹងធ្វើការដោះស្រាយជូន បងប្អូនហើយ មិនទុកឲ្យបងប្អូន ពិបាកនោះទេ ។ នៅពេលលោកស្នងការរង ជូនដំណឹងហើយឃើញថា សកម្មជនទាំងអស់ ក៏នៅស្ងៀមតែមិនព្រមធ្វើ ចេញពីផ្លូវនោះទេ គាត់រង់ចាំឱ្យអាជ្ញាធរខេត្ដ ដោះស្រាយសិន ។
សកម្មជនទាំងនោះ បាននិយាយថា ឱ្យតែអាជ្ញា ជួយអន្ដរាគមន៍ដោះលែង សកម្មជនឈ្មោះ ផន ណុល ចេញពីពន្ធនាគារ ពួកគាត់នឹងវិលត្រឡប់ ទៅលំនៅដ្ឋានវិញហើយ ៕
អ៊ួង វ៉ឹង រាយការណ៏ពីខេត្តកោះកុង