ព្រះសីហនុ ៖ សិក្ខាសាលាផ្សព្វផ្សាយ និង ពិគ្រោះយោបល់របស់សមាគមក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ ខេត្តព្រះសីហនុ ដែលរៀបចំដោយសមាគមក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ ខេត្តព្រះសីហនុ បន្ទាប់ពីបានដំណើរការពេញ១ថ្ងៃ នៅសាលាស្រុកព្រៃនប់ ត្រូវបានបញ្ចប់ ហើយប្រារព្ឋពិធីបិទនៅព្រឹក ថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០១៤ ក្រោមអធិបតីភាព ឯកឧត្តម ឈិត សុខុន អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុ ។
មានប្រសាសន៏ក្នុងពិធីបិទអង្គសិក្ខាសាលាឯកឧត្តម ឈិត សុខុន បានគូសបញ្ជាក់ថា ដោយអនុលោមទៅតាមស្មារតីរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដូចមានចែងក្នុងជំពូក ទី៣ មាត្រា ៤២ និង ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ និង ការយល់ឃើញពីភាពចាំបាច់ ក្នុងការបង្កើតសមាគមក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ នេះក្នុងគោលបំណងបង្កើតអង្គការរួមមួយរបស់ខ្លួន ដើម្បីមានសម្លេងរួមគ្នាជំរុញ និង កៀរមតិយោបល់របស់ក្រុមប្រឹក្សា ក្រុង ក្រុមប្រឹក្សា ឃុំ សង្កាត់ នៅក្នុងខេត្តព្រះសីហនុ អោយសម្រេចបាននូវការប្តេជ្ញាចិត្តរួមដល់ការលើកកម្ពស់ អភិវឌ្ឍន៏សមត្ថភាពសមាជិក និង ការពារផលប្រយោជន៏ស្របច្បាប់ ជូនសមាជិក ក៏ដូចជាការប្តេជ្ញាចិត្តរួមគ្នា ក្នុងការលើកកម្ពស់សុខមាលភាព និង ជីវភាពរស់នៅ និង បង្កើនប្រសិទ្ឋិភាពនៃការផ្តល់សេវាដល់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានអោយបានសមស្របទៅតាមតម្រូវការចាំបាច់ជាក់ស្តែង ។
ឯកឧត្តម ក៏បានបន្តទៀតថា បន្ទាប់ពីសិក្ខាសាលាផ្សព្វផ្សាយនេះ លោក លោកស្រី ពិតជា បានយល់ដឹងកាន់តែច្បាស់ បន្ថែមទៀត អំពិលក្ខន្តិកៈ និង មានបញ្ជាផ្ទៃក្នុងរបស់សមាគមក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ ខេត្តព្រះសីហនុ ដើម្បីផ្តល់ជាមូលដ្ឋានគ្រឹះ និង មេរៀន និង បទពិសោធន៏ដ៏រឹងមាំ ក្នុងការជួយដល់រាជរដ្ឋាភិបាលបន្ថែមទៀត ក្នុងការអភិវឌ្ឍន៏តាមបែបលទ្ឋិប្រជាធិបតេយ្យ នៅមូលដ្ឋាន ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ៕