អនុប្រធានគណៈកម្មការទី២នៃរដ្ឋសភាស្នើឲ្យអគ្គលេខាធិការរដ្ឋសភាព្យួរការងារអគ្គលេខាធិការរងសភាម្នាក់ដែលសង្ស័យថាប្រព្រឹត្តអំពើពុករលួយ ។ អនុប្រធានគណៈកម្មការធនាគារហិរញ្ញវត្ថុ សវនកម្មនៃរដ្ឋសភា លោក សុន ឆ័យ បានផ្ញើលិខិតផ្លូវការមួយកាលពីថ្ងៃទី២២ ខែតុលា ទៅកាន់លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភាដោយស្នើពិនិត្យបញ្ជីបុគ្គលិកសភាទាំងអស់ ព្រមទាំងពន្យល់ពីការគ្រប់គ្រងមិនត្រឹមត្រូវ ។
លិខិតផ្លូវការរបស់លោក សុន ឆ័យ ផ្ញើទៅកាន់លោក ឡេង ប៉េងឡុង បានចុចឈ្មោះចំៗទៅលើអគ្គលេខាធិការរងរដ្ឋសភា ឈ្មោះ មិត្ត ការ៉េន ដែលមានសាច់ញាតិជាច្រើននាក់បំពេញការងារនៅនាយកដ្ឋានខ្លាញ់ៗ នៃរដ្ឋសភា ។ លោក មិត្ត ការ៉េន ជាមនុស្សរបស់គណបក្សប្រជាជនកម្ពុជា ធ្លាប់កាន់ការជាអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុរដ្ឋសភាអស់រយៈពេលប្រមាណ១០ឆ្នាំមកហើយ ។ រយៈពេលដែលលោកកាន់ការជាអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុរដ្ឋសភា លោកបានតែងតាំងកូនប្រសាជាប្រធាននាយកដ្ឋានហិរញ្ញវត្ថុតែងតាំងកូនស្រីជាអនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ តែងតាំងកូនប្រុសបង្កើត ជាប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង តែងតាំងក្មួយស្រីបង្កើតជាប្រធានការិយាល័យសវនកម្ម មានប្អូនថ្លៃជាប្រធាននាយកដ្ឋានបុគ្គលិក និងមានកូនប្រសាជាអនុប្រធានការិយាល័យកាន់ប្រាក់បៀវត្សតំណាងរាស្ត្រ ។
លោក សុន ឆ័យ មានប្រសាសន៍ថា គ្រួសារលោក មិត្ត ការ៉េន បានក្តោបក្តាប់ការចាយវាយនិងត្រួតពិនិត្យចំណាយក្នុងរដ្ឋសភាទាំងមូល ។ លោក ថានេះជាប្រព័ន្ធពុករលួយដែលធ្វើឲ្យរដ្ឋសភាកម្ពុជារងនូវភាពអាម៉ាស់ធ្ងន់ធ្ងរ ។ លោកបន្តថា លោកកំពុងរង់ចាំចម្លើយតបពីអគ្គលេខាធិការរដ្ឋសភា លោក ឡេង ប៉េងឡុង ហើយលោកនឹងលើកយកបញ្ហានេះទៅជជែកក្នុងសភាពេញអង្គ ពេលប្រជុំអនុម័តថវិកាជាតិនៅឆ្នាំនេះ ។ លោកថា «ទី១ខ្ញុំស្នើឲ្យមានវិធានការ ហើយអគ្គលេខាធិការ គាត់ធ្វើការ បន្ទាប់មកខ្ញុំស្នើទៅប្រធានគណៈកម្មការជំនាញទៅកាន់ប្រធានរដ្ឋសភា ឲ្យចាត់ការ ឬមួយចាត់វិធានការខ្លួនគាត់ ខ្ញុំនឹងសុំឲ្យគណៈកម្មការអចិន្ត្រៃយ៍ចាត់ការ បើមិនចាត់ការគាត់ត្រូវទទួលខុសត្រូវចំពោះរាស្ត្រដោយខ្លួនឯង» ។
លោកបន្តថា ពន្លឺស៊ើបអង្កេតពីអំពើបក្ខពួកនិយមគ្រួសារនិយម ដែលសង្ស័យថាមានអំពើពុករលួយបា នមកដោយសារមន្ត្រីក្នុងរដ្ឋសភាស្នើឲ្យលោកត្រួតពិនិត្យពីបញ្ហានេះ ។ លោកបន្តថា មន្ត្រីជាច្រើននាក់ខិតខំបំពេញការងារអស់ពីកម្លាំងកាយចិត្ត បែរជាមិនបានទទួលគុណសម្បត្តិ ហើយរងនូវការគាបសង្កត់ថែមទៀត ។ បច្ចុប្បន្ននេះ រដ្ឋសភាមានបុគ្គលិកក្របខ័ណ្ឌចំនួនជាង៦០០នាក់ និងមានកម្មករអណ្ដែត ព្រមទាំងបុគ្គលិកជាប់កិច្ចសន្យាប្រមាណជាង៥០០នាក់ទៀត ។ មន្ត្រីរដ្ឋសភាមួយចំនួនឲ្យដឹងថា អ្នកដែលមកបំពេញការងារសព្វថ្ងៃនៅរដ្ឋសភា មានប្រមាណពី២០០ទៅ៣០០នាក់ប៉ុណ្ណោះ ។ រឿងរ៉ាវពុករលួយក្នុងស្ថាប័នរដ្ឋសភានេះត្រូវបានទម្លាយដោយសារតែអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋសភាដាក់សំណើទិញម៉ាស៊ីនថតចម្លង១គ្រឿងថ្លៃ ៣ ម៉ឺន ៥ ពាន់ដុល្លារ លោក សុន ឆ័យ បញ្ជាក់ថា ទាល់តែបង្កើតគណៈកម្មការស៊ើបអង្កេតឯករាជ្យមួយដើម្បីស្រាវជ្រាវពីបញ្ហានេះ ទើបអាចបញ្ជាក់ការពិតបាន ៕