ព្រះសីហនុ ៖ ទីតាំងប្រៃសនីយ៍ និងទូរគមនាគមន៍ស្រុកព្រៃនប់ត្រូវបានគោរពពិធីបញ្ចុះបឋមសីលា សាងសង់អាគាររដ្ឋបាលបច្ចេកទេស ទូរគមនាគមន៍កម្ពុជាថ្មី ដោយមានកំពស់ពីរជាន់ ស្ថិតក្រោមគម្រោងកម្ចីពីជប៉ុន នៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៤ បន្ទាប់ពីប្រជាពលរដ្ឋនៅក្នុងស្រុកព្រៃនប់ មានការសង្សយ័ថា ទីតាំងនោះបានធ្វើការដោះដូរពីរដ្ឋទៅឯកជន ។
លោក ឡាយ ម៉ារីវ៉ូ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកអគ្គនាយកទូរគមនាគមន៍កម្ពុជាបានថ្លែងថា អាគាររដ្ឋបាលបច្ចេកទេសទូរគមនាគមន៍ដែលបានបញ្ចុះបឋមសីលាសាងសង់នៅពេលនេះមានកំពស់ពីរជាន់ស្ថិតក្រោមគម្រោងកំម្ចីពីប្រទេសជប៉ុន(JICACPP5)ដែលជាគម្រោងបណ្តាញឆ្អឹងខ្នងទូរគមនាគមន៍ មហាអនុតំបន់ទន្លេមេគង្គ អាគារនេះតម្រូវសាងសង់ពី៤ខែទៅ៥ខែនិងរួចរាល់ជាស្ថាពរ ។
លោក ឡាយ ម៉ារីវ៉ូ បានបញ្ជាក់ថា ទីតាំងប្រៃសនីយ៍ទូរគមនាគមន៍ស្រុកព្រៃនប់មួយនេះ ក្រសួងមិនបានធ្វើការដោះដូរពីរដ្ឋទៅឯកជនអ្វីនោះទេ គឺស្ថិតនៅជារបស់រដ្ឋដដែល ហើយនិងបានដំណើរការល្អមានអាគារថ្មីថែមទៀតផង សូមមហាជនកុំយល់ច្រឡំ ៕
ដោយ ភ្នំព្រឹក